ប្រវត្តិសង្ខេបនៃវិទ្យាស្ថានភាសាជាតិ


វិទ្យាស្ថានភាសាជាតិ ត្រូវបានបង្កើតដំបូងនៅឆ្នាំ១៩៩៦ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ឡុង សៀម ហើយស្ថិតក្រោមរចនាសម្ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងដំណាក់កាលដំបូង វិទ្យាស្ថានភាសាជាតិ មានប្រើឈ្មោះថា «វិទ្យាស្ថានជាតិភាសាខ្មែរ» ដែលមានស្នាក់ការនៅបន្ទប់មួយផ្នែកខាងមុខនៃសាកលភូមិន្ទភ្នំពេញ២។ ក្នុងការបង្កើតគ្រាដំបូងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងមន្ត្រីចំនួន៧រូប រួមមាន លោក សន ពៅ, លោក លាង សុភាព, លោក ជួន សោរិទ្ធី, លោក មាឃ បូរ៉ា, លោក នៀ សាវ៉ាន់ថា, លោកស្រី អែម សុខឃីម និងលោកស្រី តិប ស៊ីណា ដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យគរុកោសល្យ ក្នុងខែតុលា ឆ្នាំ១៩៩៦ មកជាមន្ត្រីនៃវិទ្យាស្ថានជាតិភាសាខ្មែរ ដើម្បីដំណើរការវិទ្យាស្ថាន។ ទន្ទឹមនឹងការចាត់មន្ត្រីមួយចំនួនចុះសិក្សាស្រាវជ្រាវសិលាចារឹក បណ្ឌិតសភាចារ្យ ឡុង សៀម បានចាត់ចែងរៀបចំធ្វើសេចក្ដីព្រាងអនុក្រឹត្យបង្កើតវិទ្យាស្ថានភាសាជាតិរួមជាមួយបណ្ឌិតសភាចារ្យ អ៊ីវ ច័ន ដែលពេលនោះ ឯកឧត្ដមកំពុងធ្វើការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឡើយ និងលោក ជួរ គារី ដែលទើបផ្លាស់មកពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមតាមរយៈការស្នើសុំរបស់បណ្ឌិតសភាចារ្យ ឡុង សៀម ដើម្បីជួយលោកក្នុងការរៀបចំវិទ្យាស្ថាននេះ។ ចុងខែមករា ឆ្នាំ១៩៩៧ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកគ្រប់គ្រងសាកលភូមិន្ទភ្នំពេញមណ្ឌល២ បានប្រគល់អគារកម្ពស់បីជាន់ផ្នែកខាងក្រោយបរិវេណសាកលវិទ្យាល័យនេះ ដែលជាអតីតអន្តេវាសិកដ្ឋានសិក្ខាកាមរៀនវគ្គអប់រំនយោបាយជាន់ខ្ពស់សម័យរដ្ឋកម្ពុជា (អគារវិទ្យាស្ថានបច្ចុប្បន្ន)ជូនដល់វិទ្យាស្ថានសម្រាប់ធ្វើជាការិយាល័យធ្វើការ។ លុះដល់ឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៤៥ អនក្រ.បក. ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៨ បង្កើត វិទ្យាស្ថានភាសាជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លុះក្រោយមក វិទ្យាស្ថានភាសាជាតិត្រូវបានបញ្ចូលមកជាមួយរាជបណ្ឌិត្យសភាកម្ពុជានៃទីស្ដីការគណៈរដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩។ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថានភាសាជាតិ បានស្ថិតក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំចំនួន៣រូបដូចខាងក្រោម៖ - ឯកឧត្ដមបណ្ឌិតសភាចារ្យ ឡុង សៀម ប្រធានវិទ្យាស្ថានពីឆ្នាំ១៩៩៦-២០០៧ - ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ីវ ច័ន ប្រធានវិទ្យាស្ថានពីឆ្នាំ២០០៧-២០១៣ - ឯកឧត្ដមបណ្ឌិត ជួរ គារី ប្រធានវិទ្យាស្ថានពីឆ្នាំ២០១៤-២០២០ - ឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានពីឆ្នាំ២០២០ដល់បច្ចុប្បន្ន។ ១- ចក្ខុវិស័យវិទ្យាស្ថាន ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានភាសាជាតិទាំងអស់ បានឯកភាពគ្នាកំណត់ចក្ខុវិស័យវិទ្យាស្ថានសម្រាប់ ជាត្រី វិស័យការងាររបស់ខ្លួនគឺ «ជាស្ថាប័នសិក្សាស្រាវជ្រាវឈានមុខខាងវិស័យភាសានិងអក្សរសាស្ត្រជាតិ»។ ចក្ខុវិស័យ នេះ ក៏ត្រូវបានដាក់ជូនសន្និបាតបូកសរុបការងារឆ្នាំ២០១៨និងលើកទិសដៅការងារឆ្នាំ២០១៩ នៃរាជបណ្ឌិត្យសភាកម្ពុជាពិនិត្យ ពិភាក្សា និងកែសម្រួលផងដែរ។ ២- បេសកកម្មវិទ្យាស្ថាន ដូចគ្នានឹងចក្ខុវិស័យរបស់វិទ្យាស្ថានដែរ ការកំណត់បេសកកម្មរបស់វិទ្យាស្ថានក៏ត្រូវបានធ្វើឡើងដោយថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានភាសាជាតិទាំងអស់និងបានពិនិត្យ ពិភាក្សា និងកែសម្រួលក្នុងសន្និបាតបូកសរុប ការងារឆ្នាំ២០១៨និងលើកទិសដៅការងារឆ្នាំ២០១៩ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ បេសកកម្មរបស់វិទ្យាស្ថានត្រូវបានកំណត់ដូចតទៅ៖ «វិទ្យាស្ថានមានបេសកកម្មសិក្សាស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍ ភាសានិងអក្សរសាស្ត្រខ្មែរ ភាសាមន-ខ្មែរដទៃទៀត»។ ៣- ភារកិច្ចវិទ្យាស្ថាន យោងតាមសេចក្តីព្រាងអនុក្រឹត្យ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលនឹងត្រូវចូលជាធរមាននាពេលខាងមុខ វិទ្យាស្ថានភាសាជាតិ (NATIONAL LANGUAGE INSTITUTE) ជាវិទ្យាស្ថានឧបសម្ព័ន្ធមួយរបស់រាជបណ្ឌិត្យសភាកម្ពុជា។ វិទ្យាស្ថានភាសាជាតិមានភារកិច្ចដូចខាងក្រោម៖ - សិក្សាស្រាវជ្រាវអំពីភាសានិងអក្សរសាស្ដ្រខ្មែរ - សិក្សាស្រាវជ្រាវអំពីភាសាផ្លូវការ ភាសាស្តង់ដា ភាសាជិតបាត់បង់ និងរៀបចំផែនការភាសា ដើម្បីស្វែងរកឯកភាវូបនីយកម្មភាសាខ្មែរ - សិក្សាស្រាវជ្រាវអំពីភាសាខ្មែរនិងភាសាមនខ្មែរតាំងពីសម័យបុរាណ សម័យកណ្តាល រហូតមកដល់សម័យបច្ចុប្បន្ន - ប្រមូលចងក្រង បោះពុម្ពផ្សាយ និងរក្សាទុកស្នាដៃទាំងឡាយខាងអក្សរសិល្ប៍ ប្រវត្ដិសាស្ដ្រ ខ្មែរតាមរយៈឯកសារដើម ដែលមានជាអាទិ៍ សិលាចារឹក សាស្ដ្រាស្លឹករឹត ក្រាំង រាជពង្សាវតារ - ប្រមូលបច្ចេកសព្ទតាមមុខវិជ្ជានីមួយៗ - រៀបចំចងក្រងធ្វើកម្រងទិន្នន័យភាសា(នីតិក្ខន្ធ) - សិក្សាស្រាវជ្រាវ រៀបរៀង និងចងក្រងវេយ្យាករណ៍ភាសាខ្មែរ - រៀបចំនិងជំរុញការអនុវត្ដឯកភាវូបនីយកម្មនៃការប្រើប្រាស់ភាសាខ្មែរនិងអក្ខរាវិរុទ្ធខ្មែរ - រៀបចំវេទិកាវិទ្យាសាស្ត្រនានាទាក់ទងនឹងភាសានិងអក្សរសាស្ត្រ - រៀបរៀងនិងបោះពុម្ពផ្សាយសទ្ទានុក្រម វចនានុក្រមអក្ខរាវិរុទ្ធ វចនានុក្រមខ្មែរ វចនានុក្រមខ្មែរបុរាណ សព្វវចនាធិប្បាយ វចនានុក្រមពហុបច្ចេកទេសនិងវិទ្យាសាស្ដ្រ វចនានុ ក្រមខ្មែរ-បរទេស និងបរទេស-ខ្មែរ ជាដើម - បកប្រែស្នាដៃស្រាវជ្រាវវិទ្យាសាស្ដ្រដែលទាក់ទងនឹងភាសានិងអក្សរសាស្ត្រ ដើម្បីបោះពុម្ពនិងផ្សព្វ ផ្សាយ - ផ្សព្វផ្សាយភាសា វប្បធម៌ និងសង្គមខ្មែរ តាមរយៈការរៀននិងបង្រៀនភាសាខ្មែរ - ធ្វើកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលការសិក្សាស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា ដែលមានគោលបំណងដូចគ្នា - គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់វិទ្យាស្ថាន - រៀបចំផែនការរបស់វិទ្យាស្ថាន - អនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជាប្រគល់ជូន។ ៤- រចនាសម្ព័ន្ធវិទ្យាស្ថាន - នាយកដ្ឋានកិច្ចការទូទៅ - នាយកដ្ឋានខេមរនីយកម្ម វចនានុក្រម និងបកប្រែ - នាយកដ្ឋានភាសានិងភាសាវិទ្យា - នាយកដ្ឋានអក្សរសាស្ត្រនិងអក្សរសិល្ប៍ - នាយកដ្ឋានសិលាចារឹកវិទ្យា។ ៥- ស្ថានភាពបច្ចុប្បន្ននៃបុគ្គលិកវិទ្យាស្ថាន វិទ្យាស្ថានភាសាជាតិមានថ្នាក់ដឹកនាំនិងមន្ត្រីចំនួន១៧នាក់ ស្ត្រីចំនួន៤នាក់ និង ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា ទទួលបន្ទុកវិទ្យាស្ថានភាសាជាតិ១រូប ដែលក្នុងនោះ៖ - អ្នកមានសញ្ញាបត្របណ្ឌិត ចំនួន៧នាក់ - បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១១នាក់។